សំណួរពីយុវវ័យ
តើខ្ញុំគួរធ្វើយ៉ាងណាបើខ្ញុំត្រូវគេបៀតបៀនកេរ្តិ៍ខ្មាស?
តើអ្វីទៅជាការបៀតបៀនកេរ្តិ៍ខ្មាស?
ការបៀតបៀនកេរ្តិ៍ខ្មាសគឺជាទង្វើណាក៏ដោយដែលធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល នេះរួមបញ្ចូលការលូកលាន់ឬការប្រើពាក្យសម្ដីចំអេសចំអាសជាដើម។ ប៉ុន្តែ ជួនកាលយើងពិបាកសម្គាល់ថា មួយណាជាការលេងសើច មួយណាជាការចែចង់ និងមួយណាជាការបៀតបៀនកេរ្តិ៍ខ្មាស។
តើប្អូនអាចដឹងយ៉ាងណាថាប្អូនកំពុងត្រូវគេបៀតបៀនកេរ្តិ៍ខ្មាស? ដើម្បីដឹង សូមមើលប្រអប់ សំណួរចម្លើយអំពីការបៀតបៀនកេរ្តិ៍ខ្មាស។
ការបៀតបៀនកេរ្តិ៍ខ្មាសមិនត្រឹមតែមាននៅសាលាទេ តែក្រោយរៀនចប់ក៏អាចមានដែរ។ ប៉ុន្តែ បើឥឡូវនេះប្អូនបណ្ដុះឲ្យមានចិត្តក្លាហាននិងស្គាល់ពីរបៀបទប់ទល់នឹងអ្នកដែលបៀតបៀនកេរ្តិ៍ខ្មាស នោះប្អូនអាចត្រៀមខ្លួនដើម្បីយកឈ្នះពេលរឿងបែបនេះកើតឡើងម្ដងទៀតនៅកន្លែងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនក៏ប្រហែលជាអាចបញ្ឈប់អ្នកដែលបៀតបៀនកេរ្តិ៍ខ្មាសពីការធ្វើបាបអ្នកឯទៀតដែរ!
ចុះបើខ្ញុំត្រូវគេបៀតបៀនកេរ្តិ៍ខ្មាស?
យើងទំនងជាអាចបញ្ឈប់ការបៀតបៀនកេរ្តិ៍ខ្មាសបាន បើយើងស្គាល់ថាការបៀតបៀនកេរ្តិ៍ខ្មាសគឺជាអ្វី និងគួរប្រព្រឹត្តបែបណាវិញ! សូមពិចារណាស្ថានភាពបីនិងរបៀបដែលប្អូនអាចយកឈ្នះក្នុងស្ថានភាពនីមួយៗ។
ស្ថានភាពទី១:
ប្អូនតាប៊ីថាដែលមានអាយុ២០ឆ្នាំបានរៀបរាប់ថា៖«នៅកន្លែងធ្វើការ ប្រុសៗដែលមានវ័យចំណាស់តែងតែប្រាប់ខ្ញុំថាខ្ញុំស្រស់ស្អាតណាស់។ ពួកគេនិយាយថាបើពួកគេក្មេងជាង៣០ឆ្នាំមិនដឹងជាល្អយ៉ាងណាទេ! ក្នុងចំណោមពួកគេ មានប្រុសម្នាក់ថែមទាំងបានដើរពីក្រោយខ្ញុំ រួចថើបសក់ខ្ញុំទៀតផង!»។
តាប៊ីថាអាចគិតថា៖‹បើខ្ញុំធ្វើមិនដឹងមិនឮហើយសុខចិត្តទ្រាំ ពួកគេនឹងឈប់មិនខាន›។
មូលហេតុដែលនោះប្រហែលមិនមែនជាជម្រើសល្អ៖ ពួកអ្នកជំនាញបានប្រាប់ថា ពេលដែលជនរងគ្រោះធ្វើមិនដឹងមិនឮ ជាញឹកញយការបៀតបៀននោះនឹងនៅតែបន្ត ហើយកាន់តែខ្លាំងទៀតផង។
សូមសាកធ្វើតាមយោបល់នេះ៖ និយាយយ៉ាងម៉ឺងម៉ាត់និងច្បាស់ៗទៅកាន់អ្នកបៀតបៀនកេរ្តិ៍ខ្មាសថាប្អូនមិនចូលចិត្តពាក្យសម្ដីឬការប្រព្រឹត្តរបស់ពួកគេទេ។ ប្អូនស្រីថេរិនដែលមានអាយុ២២ឆ្នាំបានរៀបរាប់ថា៖«ខ្ញុំមើលមុខគាត់ហើយប្រាប់គាត់ថា‹កុំប៉ះខ្ញុំទៀតឲ្យសោះ!›។ ធម្មតាពេលដែលឮបែបនោះអ្នកបៀតបៀនកេរ្តិ៍ខ្មាសនឹងខ្លាច»។ បើគាត់មិនបញ្ឈប់ទង្វើនោះទេ សូមនិយាយយ៉ាងម៉ឺងម៉ាត់ម្ដងទៀត។ ស្ដីអំពីការរក្សាខ្នាតតម្រាសីលធម៌ខ្ពង់ខ្ពស់ គម្ពីរឲ្យយោបល់ថា៖«ចូរកាន់ជំហរមាំមួន មានគំនិតចាស់ទុំ និងមានទំនុកចិត្ត»។—កូឡុស ៤:១២, The New Testament in Contemporary Language
ចុះបើអ្នកដែលបៀតបៀនកេរ្តិ៍ខ្មាសគំរាមធ្វើបាបប្អូន? ក្នុងករណីនេះ កុំបន្តនិយាយជាមួយគាត់ តែសូមចេញពីស្ថានភាពនោះឲ្យបានលឿនបំផុត ហើយសុំជំនួយពីមនុស្សពេញវ័យណាម្នាក់ដែលគួរឲ្យទុកចិត្ត។
ស្ថានភាពទី២:
ប្អូនវិចតូរៀដែលមានអាយុ១៨ឆ្នាំបានរៀបរាប់ថា៖«ពេលខ្ញុំរៀនថ្នាក់ទី៦ ក្មេងស្រីពីរនាក់បានយកខ្ញុំទៅសាលមួយ មានម្នាក់ស្រឡាញ់ស្រីដូចគ្នា ហើយនាងចង់ឲ្យខ្ញុំធ្វើជាសង្សាររបស់នាង។ ទោះជាខ្ញុំបដិសេធក៏ដោយ ពួកគេតែងតែធ្វើបាបខ្ញុំរាល់ថ្ងៃ។ នៅពេលមួយ ពួកគេថែមទាំងរុញខ្ញុំខ្ទប់នឹងជញ្ជាំងទៀតផង!»។
វិចតូរៀអាចគិតថា៖‹បើខ្ញុំប្រាប់អ្នកឯទៀតអំពីរឿងនោះ ប្រហែលគេអាចគិតថាខ្ញុំទន់ខ្សោយ ហើយប្រហែលជាគ្មានអ្នកណាជួយខ្ញុំទេ›។
មូលហេតុដែលនោះប្រហែលមិនមែនជាជម្រើសល្អ៖ បើប្អូនមិនប្រាប់អ្នកឯទៀតអំពីរឿងនោះទេ អ្នកដែលធ្វើបាបប្អូនប្រហែលជានឹងបន្តធ្វើដូច្នោះ ហើយពួកគេអាចនឹងទៅធ្វើបាបអ្នកឯទៀតដែរ។—អ្នកទូន្មាន ៨:១១
សូមសាកធ្វើតាមយោបល់នេះ៖ ស្វែងរកជំនួយ។ ឪពុកម្ដាយនិងគ្រូអាចជួយប្អូននិងផ្ដល់ការគាំទ្រដែលប្អូនត្រូវការដើម្បីទប់ទល់នឹងពួកអ្នកដែលធ្វើបាបប្អូន។ ប៉ុន្តែ ចុះបើប្អូនប្រាប់ហើយ តែពួកគាត់មិនជឿប្អូនវិញ? សូមសាកធ្វើតាមវិធីនេះ៖ រាល់ដងដែលមានគេធ្វើបាបប្អូន សូមកត់ទុកព័ត៌មានផ្សេងៗ ដូចជាថ្ងៃខែ ពេលវេលានិងទីតាំងដែលគេធ្វើបាបប្អូន រួមទាំងពាក្យសម្ដីរបស់ពួកគេដែរ។ រួចមកបង្ហាញព័ត៌មានក្នុងក្រដាសនោះដល់ឪពុកម្ដាយឬគ្រូបង្រៀន។ ធម្មតាពេលគេឃើញព័ត៌មានល្អិតល្អន់ នោះគេច្រើនតែជឿជាងពាក្យសម្ដីដែលប្អូននិយាយ។
ស្ថានភាពទី៣:
ប្អូនជូលីតឺអាយុ១៨ឆ្នាំបានរៀបរាប់ថា៖«មានក្មេងប្រុសម្នាក់ដែលខ្ញុំពិតជាខ្លាចណាស់ គាត់នៅក្នុងក្រុមកីឡាបាល់ឱប។ គាត់មានកម្ពស់ជិត២ម៉ែត្រ ហើយមានទម្ងន់ប្រហែល១៣៥គីឡូ! គាត់តែងតែគិតថាគាត់នឹង‹រួមភេទជាមួយខ្ញុំ›។ ពេញមួយឆ្នាំ គាត់តែងតែមករំខានខ្ញុំជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ នៅក្នុងថ្នាក់មានតែយើងពីរនាក់ប៉ុណ្ណោះ ហើយគាត់ចាប់ផ្ដើមដើរមកជិតខ្ញុំ ពេលនោះខ្ញុំបានស្ទុះគេចពីគាត់ រួចរត់ចេញទៅតាមទ្វារ»។
ជូលីតឺអាចគិតថា៖‹ប្រុសៗតែងតែប្រព្រឹត្តបែបនោះ›។
មូលហេតុដែលនោះប្រហែលមិនមែនជាជម្រើសល្អ៖ អ្នកដែលបៀតបៀនកេរ្តិ៍ខ្មាសទំនងជាមិនផ្លាស់ប្ដូរការប្រព្រឹត្តទេ បើមនុស្សគ្រប់គ្នាគិតថាការប្រព្រឹត្តនោះជារឿងធម្មតា។
សូមសាកធ្វើតាមយោបល់នេះ៖ សូមកុំសើចឬញញឹមដាក់បុគ្គលនោះឡើយ។ ផ្ទុយទៅវិញ សូមបង្ហាញឲ្យគាត់ឃើញប្រតិកម្មរបស់ប្អូន រួមបញ្ចូលទឹកមុខរបស់ប្អូនផងដែរ។ សូមបង្ហាញឲ្យគាត់ឃើញច្បាស់ថា ប្អូនមិនពេញចិត្តនឹងទង្វើនោះទេ ហើយថាប្អូននឹងចាត់វិធានការបែបណា។
តើខ្ញុំនឹងធ្វើយ៉ាងណា?
បទពិសោធន៍ពិតទី១:
ប្អូនតាប៊ីថាបានរៀបរាប់ថា៖«ខ្ញុំមិនចង់ឲ្យមនុស្សគិតថាខ្ញុំឈ្លើយដាក់ពួកគេទេ។ ដូច្នេះ សូម្បីតែពេលបុគ្គលណាម្នាក់លូកលាន់ខ្ញុំ ខ្ញុំប្រាប់ពួកគេឲ្យឈប់មែន តែមិនមែនដោយម៉ឺងម៉ាត់ទេ ហើយខ្ញុំច្រើនតែនិយាយទាំងញញឹមទៅពួកគេវិញ។ ម្ល៉ោះហើយ គេគិតថាខ្ញុំកំពុងញ៉ែគេ»។
បើប្អូនជាតាប៊ីថា តើប្អូននឹងធ្វើយ៉ាងណាចំពោះបុគ្គលនោះ? ហើយហេតុអ្វី?
តើអ្វីប្រហែលជាធ្វើឲ្យបុគ្គលដែលបៀតបៀនកេរ្ដិ៍ខ្មាសគិតថាប្អូនកំពុងតែចែចង់គាត់?
បទពិសោធន៍ពិតទី២:
ប្អូនសាប៊ីណាបានរៀបរាប់ថា៖«ក្មេងប្រុសៗនៅក្នុងថ្នាក់កីឡាខ្ញុំ បាននិយាយពាក្យមិនសមរម្យមកកាន់ខ្ញុំ។ អស់ប៉ុន្មានសប្ដាហ៍ខ្ញុំធ្វើមិនដឹងមិនឮអ្វីដែលពួកគេនិយាយ តែរឿងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក មានប្រុសៗខ្លះចាប់ផ្ដើមអង្គុយក្បែរខ្ញុំ ហើយកៀកកខ្ញុំ។ ខ្ញុំបានរុញពួកគេចេញ តែពួកគេនៅតែបន្តធ្វើដដែល។ ថ្ងៃមួយ ក្មេងប្រុសម្នាក់បានឲ្យក្រដាសមួយដល់ខ្ញុំដែលមានពាក្យអសុរោះជាច្រើន។ ខ្ញុំបានយកក្រដាសនោះឲ្យគ្រូ ក្រោយមកក្មេងប្រុសនោះបានត្រូវបណ្ដេញចេញពីសាលាអស់មួយរយៈ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំគួរតែប្រាប់គ្រូអំពីរឿងនោះតាំងពីដំបូង!»។
តើប្អូនគិតយ៉ាងណា ហេតុអ្វីសាប៊ីណាមិនប្រាប់គ្រូតាំងពីដំបូង? តើប្អូនគិតថាការសម្រេចចិត្តរបស់នាងត្រឹមត្រូវទេ? ហើយហេតុអ្វី?
បទពិសោធន៍ពិតទី៣:
ប្អូនស៊ូហ្សានបានរៀបរាប់ថា៖«មានក្មេងប្រុសម្នាក់បានមកជួបគ្រេកប្អូនប្រុសរបស់ខ្ញុំនៅបន្ទប់ទឹក។ ក្មេងប្រុសនោះបានដើរមកជិតប្អូនខ្ញុំ ហើយប្រាប់ថា‹ថើបខ្ញុំមក›។ តែប្អូនខ្ញុំបានបដិសេធមិនធ្វើតាមគាត់ទេ។ ទោះជាអ៊ីចឹងក៏ដោយ គាត់មិនព្រមចេញឡើយ។ ដូច្នេះ ប្អូនប្រុសខ្ញុំត្រូវច្រានគាត់ចេញ។
តើប្អូនគិតថាគ្រេកបានត្រូវគេបៀតបៀនកេរ្តិ៍ខ្មាសឬទេ? ហេតុអ្វីគិតដូច្នេះ?
ហេតុអ្វីប្អូនគិតថាក្មេងប្រុសខ្លះមិនហ៊ាននិយាយប្រាប់គេ ពេលដែលក្មេងប្រុសឯទៀតបៀតបៀនកេរ្តិ៍ខ្មាសគាត់?
តើប្អូនគិតយ៉ាងណា អ្វីដែលគ្រេកធ្វើត្រឹមត្រូវឬទេ? បើប្អូនជាគាត់វិញ តើប្អូននឹងធ្វើយ៉ាងណា?
ដើម្បីស្វែងយល់ថែមទៀត សូមមើលសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១ ជំពូកទី៣២ ដែលមានចំណងជើងថា«តើខ្ញុំអាចការពារខ្លួនពីមនុស្សដែលបៀតបៀនផ្លូវភេទដោយរបៀបណា?»។