លោតទៅអត្ថបទ

Blue Planet Archive/Mark Conlin

តើ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?

វិធីសាស្ត្រនៃការពងរបស់ត្រីក្រាញៀន

វិធីសាស្ត្រនៃការពងរបស់ត្រីក្រាញៀន

 ត្រី​តូច​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ក្រា​ញៀន​កាលីហ្វ័រញ៉ា បាន​ពង​នៅ​ក្នុង​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក និង​បាហា កាលីហ្វ័រញ៉ា ម៉ិកស៊ិក។ ត្រី​ទាំង​នេះ​ដឹង​ថ្ងៃ​និង​ពេល​វេលា​ជាក់​លាក់​ដែល​ពួក​វា​គួរ​ពង ដើម្បី​ឲ្យ​កូន​ៗ​របស់​វា​រួច​ជីវិត។

 សូម​ពិចារណា​៖ ត្រី​ក្រា​ញៀន​ពង​ក្នុង​អំឡុង​បី​ឬ​បួន​យប់​ក្រោយ​ទឹក​ជោរ​ខ្ពស់​បំផុត​ជា​ពេល​ខែ​ពេញ​បូរ​មី។ បើ​ពួក​វា​ពង​នៅ​ប៉ុន្មាន​យប់​មុន​ខែ​ពេញ​បូរ​មី នោះ​ពង​របស់​វា​នឹង​រសាត់​ទៅ​តាម​ទឹក​សមុទ្រ​ពេល​ទឹក​ជោរ​ធ្វើ​ឲ្យ​រលក​បក់​បោក​ខ្សាច់​ចេញ​ពី​ឆ្នេរ។ ពេល​ទឹក​ជោរ​ខ្ពស់​បំផុត​ហើយ មិន​យូរ​ប៉ុន្មាន​ពួក​វា​ក៏​ចាប់​ផ្ដើម​ពង​ក្នុង​ខ្សាច់។ បន្ទាប់​មក​ទឹក​ក៏​នាច​ទៅ​វិញ ហើយ​រលក​បក់​បោក​នាំ​យក​ខ្សាច់​មក​បន្ថែម​លើ​ឆ្នេរ​កាន់​តែ​ក្រាស់​ឡើង​ៗ។ ខ្សាច់​នោះ​ក៏​គ្រប​លើ​ពង​របស់​ពួក​វា ហេតុ​នេះ​ហើយ ពង​វា​មាន​សុវត្ថិភាព​ក្រោម​ស្រទាប់​ខ្សាច់។

Wally Skalij/Los Angeles Times via Getty Images

 រដូវ​ត្រី​ក្រា​ញៀន​ពង គឺ​នៅ​រដូវ​ផ្កា​រីក​និង​រដូវ​ក្ដៅ។ ជា​ទូទៅ កម្ពស់​ទឹក​ជោរ​នៅ​ពេល​យប់​ខ្ពស់​ជាង​ទឹក​ជោរ​នៅ​ពេល​ថ្ងៃ នេះ​បើក​ឱកាស​ឲ្យ​ពួក​វា​ហែល​ឡើង​ទៅ​ឆ្នេរ​ឆ្ងាយ​ជាង ហើយ​ពង​របស់​វា​អាច​មាន​សុវត្ថិភាព​ពេល​ដែល​មាន​ទឹក​ជោរ​ម្ដង​ទៀត។

 ដើម្បី​ពង ត្រី​ក្រា​ញៀន​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល​មាន​រលក​ធំ​ដើម្បី​រុញ​ច្រាន​ពួក​វា​ទៅ​ដល់​ឆ្នេរ ហើយ​ពួក​វា​បន្ត​ហែល​ទៅ​ឲ្យ​បាន​ឆ្ងាយ​រហូត​ដល់​ឆ្នេរ​ខ្សាច់​ខ្ពស់។ នៅ​ពេល​ដែល​ទឹក​ស្រក ត្រី​ញី​រុល​ខ្លួន​ទៅ​ក្នុង​ដី​ខ្សាច់​សើម​ដើម្បី​កប់​កន្ទុយ​របស់​វា។ ពេល​វា​រុល​បាន​ជម្រៅ​៥​ដល់​៨​សង់ទីម៉ែត្រ វា​ក៏​បញ្ចេញ​ពង។ ក្រោយ​នោះ ត្រី​ឈ្មោល​បញ្ចេញ​មេ​ជីវិត​ទៅ​លើ​ពង​ទាំង​នោះ។ បន្ទាប់​មក ពួក​វា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​តាម​រលក​សមុទ្រ។

 ទោះ​ជា​ពង​ទាំង​នោះ​លូត​លាស់​នៅ​ក្នុង​ខ្សាច់​សើម​ក៏​ដោយ តែ​វា​ត្រូវ​ការ​ចលនា​ទឹក​រលក​ដើម្បី​បញ្ជឿន​ការ​ញាស់។ ដូច្នេះ ប្រហែល​ពីរ​សប្តាហ៍​ក្រោយ​មក​នៅ​ពេល​ទឹក​ជោរ​ម្ដង​ទៀត កូន​ត្រី​ក្រា​ញៀន​ក៏​ញាស់ ជួន​កាល​ត្រូវ​រង់​ចាំ​អស់​បួន​សប្តាហ៍​ទម្រាំ​ដល់​ទឹក​ជោរ​ខ្ពស់​បំផុត​ម្ដង​ទៀត។

 តើ​អ្នក​គិត​យ៉ាង​ណា?​៖ តើ​សមត្ថភាព​ដឹង​ពេល​វេលា​និង​វិធី​សាស្ត្រ​ពង​របស់​ត្រី​ក្រា​ញៀន ជា​ការ​វិវត្តន៍​ឬ​មាន​អ្នក​គ្រោង​បង្កើត?