លោតទៅអត្ថបទ

តើសាសនាទាំងអស់គឺដូចគ្នា ហើយនាំឲ្យស្គាល់ព្រះឬទេ?

តើសាសនាទាំងអស់គឺដូចគ្នា ហើយនាំឲ្យស្គាល់ព្រះឬទេ?

ចម្លើយ​ក្នុង​គម្ពីរ

 សាសនា​ទាំង​អស់​គឺ​មិន​ដូច​គ្នា​ទេ។ គម្ពីរ​មាន​ឧទាហរណ៍​ជា​ច្រើន​អំពី​សាសនា​ដែល​ព្រះ​មិន​ពេញ​ចិត្ត។ សាសនា​ទាំង​នេះ​មាន​ពីរ​ប្រភេទ។

ប្រភេទ​ទី១: ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត

 គម្ពីរ​បាន​ពណ៌នា​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត​ដោយ​ប្រើ​ពាក្យ​ដូច​ជា«អសារ​ឥត​ការ»និង«ឥត​មាន​ប្រយោជន៍»។ (យេរេមា ១០:៣​-​៥; ១៦:១៩, ២០) ព្រះ​យេហូវ៉ា aបាន​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ថា៖«កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ»។ (និក្ខមនំ ២០:៣, ២៣; ២៣:២៤) ពេល​បណ្ដា​ជន​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​ឯ​ទៀត នោះ«សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ក៏​ឆួល​ឡើង»។—ជន​គណនា ២៥:៣; លេវីវិន័យ ២០:២; ពួក​ចៅហ្វាយ ២:១៣, ១៤

 ព្រះ​នៅ​តែ​មាន​ចិត្ត​គំនិត​ដូច​គ្នា​ចំពោះ​ការ​គោរព​ប្រណិប័តន៍​អ្នក​ណា​ឬ​អ្វី​ណា​ដែល​គេ«ហៅ​ថា‹ព្រះ›»។ (កូរិនថូស​ទី១ ៨:៥, ៦; កាឡាទី ៤:៨) លោក​បង្គាប់​ពួក​អ្នក​ដែល​ចង់​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ឈប់​សេពគប់​ជា​មួយ​នឹង​អ្នក​ដែល​កាន់​សាសនា​មិន​ពិត ដោយ​មាន​ប្រសាសន៍​ថា៖«ចូរ​ចេញ​ពី​ចំណោម​ពួក​គេ​មក ហើយ​ញែក​ខ្លួន​ចេញ»។ (កូរិនថូស​ទី២ ៦:១៤​-​១៧) បើ​សាសនា​ទាំង​អស់​គឺ​ដូច​គ្នា ហើយ​នាំ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ ហេតុ​អ្វី​បាន​ជា​ព្រះ​បង្គាប់​ឲ្យ​យើង​ធ្វើ​ដូច្នេះ?

ប្រភេទ​ទី២: ការ​គោរព​ប្រណិប័តន៍​ព្រះ​ដ៏​ពិត​តាម​របៀប​ដែល​លោក​មិន​ពេញ​ចិត្ត

 ជួន​កាល បណ្ដា​ជន​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ផ្អែក​លើ​ជំនឿ​និង​ការ​ប្រព្រឹត្ត​ដែល​គេ​បាន​យក​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត តែ​ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ជំនឿ​ដែល​លាយ​ឡំ​សាសនា​ពិត​ជា​មួយ​នឹង​សាសនា​មិន​ពិត​ឡើយ។ (និក្ខមនំ ៣២:៨; ចោទិយកថា ១២:២​-​៤) លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក ដោយ​សារ​របៀបដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ។ ពួក​គេ​គោ​រ​រ​ព​ព្រះ​តែ​សម្បក​ក្រៅ ហើយ​ជា​មនុស្ស​មាន​ពុត ពី​ព្រោះ​ពួក​គេ«មិន​អើពើ​ចំពោះ​គោល​ការណ៍​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់ គឺ​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​ស្មោះ​ត្រង់»។—ម៉ាថាយ ២៣:២៣

 សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ មាន​តែ​សាសនា​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ពិត នាំ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ។ យើង​អាច​រក​ឃើញ​សេចក្ដី​ពិត​នេះ​នៅ​ក្នុង​គម្ពីរ។ (យ៉ូហាន ៤:២៤; ១៧:១៧; ធីម៉ូថេ​ទី២ ៣:១៦, ១៧) សាសនា​ដែល​បង្រៀន​អ្វី​ដែល​ផ្ទុយ​នឹង​គម្ពីរ តាម​ពិត​នាំ​មនុស្ស​ឲ្យ​ចេញ​ពី​ព្រះ។ មាន​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​មនុស្ស​គិត​ថា​ជា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ តែ​តាម​ពិត​សេចក្ដី​បង្រៀន​ទាំង​នោះ​មក​ពី​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត​វិញ នោះ​មាន​ដូច​ជា​សេចក្ដី​បង្រៀន​ដែល​ថា ព្រះ​គឺ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ មនុស្ស​មាន​ព្រលឹង​អមតៈ និង​មនុស្ស​អាក្រក់​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​។ ការ​គោរព​ប្រណិប័តន៍​ដែល​លើក​ស្ទួយ​សេចក្ដី​បង្រៀន​បែប​នេះ​គឺ«ឥត​ប្រយោជន៍» ពី​ព្រោះ​សាសនា​បែប​នោះ​មិន​អើពើ​នឹង​តម្រូវ​ការ​របស់​ព្រះ​ទេ ហើយ​បែរ​ជា​យក​ទំនៀម​ទម្លាប់​សាសនា​ជា​ធំ​វិញ។—ម៉ាកុស ៧:៧, ៨

 ព្រះ​ស្អប់ខ្ពើម​សាសនា​ដែល​លាក់​ពុត។ (ទីតុស ១:១៦) ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ សាសនា​មួយ​ត្រូវ​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​កាន់​តាម មិន​មែន​គ្រាន់​តែ​ជា​ពិធី​ឬ​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ​ឡើយ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា៖«ប្រសិន​បើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្តែ​ចេះ​តែ​បញ្ឆោត​ចិត្ត​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ។ តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ៖ ថែ​រក្សា​កូន​កំព្រា​និង​ស្ត្រី​មេ​ម៉ាយ​ដែល​កំពុង​រង​ទុក្ខ​វេទនា ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​នឹង​ពិភព​លោក​នេះ»។ (យ៉ាកុប ១:២៦, ២៧) សេចក្ដី​បក​ប្រែ​ឃីងជេម្ស បាន​ប្រើ​ពាក្យ«សាសនា​ពិត» សម្រាប់​ការ​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​ដូច​នេះ។

a ព្រះ​យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ពិត​ដូច​បាន​កត់​ទុក​ក្នុង​គម្ពីរ។