លោតទៅអត្ថបទ

តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?

តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?

ចម្លើយ​ពី​គម្ពីរ

 ពិត​មែន ពីព្រោះ​ពេល​លោក​យេស៊ូ​នៅ​ផែនដី​លោក​បាន​ធ្វើ​ឲ្យ​ទំនាយ​ជា​ច្រើន​ក្លាយ​ជា​ការ​ពិត គឺ​ទំនាយ​អំពី​«​មេស្ស៊ី​ជា​អ្នក​ដឹក​នាំ​»​ ដែល​ជា‹អ្នក​សង្គ្រោះ​ពិភព​លោក›។ (​ដានីយ៉ែល ៩:២៥; យ៉ូហាន​ទី​១ ៤:១៤​) សូម្បី​តែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​លោក​បន្ត​ធ្វើ​ឲ្យ​ទំនាយ​ជា​ច្រើន​អំពី​មេស្ស៊ី​ក្លាយ​ជា​ការ​ពិត​ដែរ។—ចម្រៀង​សរសើរ​ព្រះ ១១០:១; សកម្មភាព ២:៣៤​-​៣៦

 តើ​ពាក្យ​«​មេស្ស៊ី​»​មាន​អត្ថន័យ​អ្វី?

 ពាក្យ​ភាសា​ហេប្រឺ​ម៉ាហ្សាក់​ (​មេស្ស៊ី​) មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ភាសា​ក្រិច​គ្រិស្តុស (​គ្រិស្ត​)។ ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ថា​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»​។ ដូច្នេះ ពាក្យ​«​យេស៊ូ​គ្រិស្ត​»​មាន​ន័យ​ថា​«​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង​»​ ឬ​«​យេស៊ូ​ជា​មេស្ស៊ី​»​។

 នៅ​សម័យ​គម្ពីរ ពេល​តែង​តាំង​បុគ្គល​ណា​ម្នាក់​ឲ្យ​មាន​តំណែង​ឬ​តួ​នាទី​ពិសេស​ណា​មួយ នោះ​ច្រើន​តែ​មាន​ការ​ចាក់​ប្រេង​លើ​ក្បាល​បុគ្គល​នោះ។ (​ច្បាប់​លេវី ៨:១២; សាំយូអែល​ទី​១ ១៦:១៣​) លោក​យេស៊ូ​បាន​ទទួល​ការ​តែង​តាំង​ពី​ព្រះ​ឲ្យ​ទៅ​ជា​មេស្ស៊ី ពោល​គឺ​អ្នក​ដែល​មាន​តំណែង​និង​តួ​នាទី​ដ៏​សំខាន់។ (​សកម្មភាព ២:៣៦​) ក៏​ប៉ុន្តែ ព្រះ​មិន​បាន​តែង​តាំង​លោក​យេស៊ូ​ដោយ​ចាក់​ប្រេង​ទេ តែ​ព្រះ​បាន​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​វិញ។—ម៉ាថាយ ៣:១៦

 តើ​អាច​មាន​មេស្ស៊ី​លើស​ពី​ម្នាក់​ទេ?

 មិន​អាច​ទេ ពីព្រោះ​ទំនាយ​ក្នុង​គម្ពីរ​បញ្ជាក់​ច្បាស់​ថា​មាន​មេស្ស៊ី​ឬ​គ្រិស្ត​តែ​ម្នាក់​ប៉ុណ្ណោះ ប្រៀប​ដូច​ជា​ក្រយៅ​ដៃ​របស់​មនុស្ស​ម្នាក់​ៗ ក៏​គ្មាន​អ្នក​ណា​មាន​ដូច​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គម្ពីរ​ព្រមាន​ថា​«​នឹង​មាន​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​លេច​មក ហើយ​ពួក​គេ​នឹង​បង្ហាញ​សញ្ញា​សម្គាល់​និង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​បំភាន់​ទាំង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប្រសិន​បើ​អាច​បំភាន់​បាន​»។—ម៉ាថាយ ២៤:២៤

 តើ​ពេល​ដែល​មេស្ស៊ី​ត្រូវ​លេច​មក គឺ​នៅ​អនាគត​ឬ​ទេ?

 អត់​ទេ ពីព្រោះ​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា មេស្ស៊ី​ត្រូវ​តែ​ជា​កូន​ចៅ​របស់​ដាវីឌ​ដែល​ជា​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ (​ចម្រៀង​សរសើរ​ព្រះ ៨៩:៣, ៤​) ក៏​ប៉ុន្តែ នៅ​សព្វ​ថ្ងៃ​គ្មាន​កំណត់​ត្រា​អំពី​វង្ស​ត្រកូល​ជនជាតិ​យូដា​ដែល​មាន​តាំង​ពី​សម័យ​ដាវីឌ​ទេ។ នេះ​ទំនង​ជា​ដោយ​សារ​កំណត់​ត្រា​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​កង​ទ័ព​រ៉ូម​ចូល​មក​វាយ​លុក​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស. a ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​អ្នក​ណា​អាច​បញ្ជាក់​ថា​មេស្ស៊ី​មក​ពី​វង្ស​ត្រកូល​ស្ដេច​ដាវីឌ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី កំណត់​ត្រា​អំពី​វង្ស​ត្រកូល​មេស្ស៊ី​គឺ​មាន​ហើយ សូម្បី​តែ​ពួក​សត្រូវ​ក៏​មិន​បាន​ប្រកែក​តវ៉ា​ថា​លោក​យេស៊ូ​មិន​មែន​ជា​កូន​ចៅ​ដាវីឌ​ដែរ។—ម៉ាថាយ ២២:៤១​-​៤៦

 តើ​ក្នុង​គម្ពីរ​មាន​ទំនាយ​ប៉ុន្មាន​អំពី​មេស្ស៊ី?

 មិន​មាន​អ្វី​ដែល​អាច​បញ្ជាក់​ច្បាស់​លាស់​ទេ។ មូលហេតុ​មួយ​គឺ​ថា វិធី​នៃ​ការ​រាប់​ចំនួន​អំពី​ទំនាយ​របស់​មនុស្ស​ម្នាក់​ៗ​ប្រហែល​ជា​ខុស​ៗ​គ្នា។ ជា​ឧទាហរណ៍ ទំនាយ​នៅ​អេសាយ ៥៣:២​-​៧ បាន​រៀប​រាប់​ជា​ច្រើន​ផ្នែក​អំពី​មេស្ស៊ី។ ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា​បទ​គម្ពីរ​នោះ​មាន​ទំនាយ​តែ​មួយ រីឯ​អ្នក​ខ្លះ​ទៀត​គិត​ថា​បទ​គម្ពីរ​នោះ​មាន​ទំនាយ​ច្រើន។

 លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទំនាយ​មួយ​ចំនួន​អំពី​មេស្ស៊ី​ក្លាយ​ជា​ការ​ពិត

ទំនាយ

បទ​គម្ពីរ

ក្លាយ​ជា​ការ​ពិត

កូន​ចៅ​អាប្រាហាំ

ដើម​កំណើត ២២:១៧, ១៨

ម៉ាថាយ ១:១

កូន​ចៅ​អ៊ីសាក​ដែល​ជា​កូន​អាប្រាហាំ

ដើម​កំណើត ១៧:១៩

ម៉ាថាយ ១:២

កើត​ក្នុង​ត្រកូល​យូដា

ដើម​កំណើត ៤៩:១០

ម៉ាថាយ ១:១,

កើត​ពី​ពូជ​ពង្ស​ស្ដេច​ដាវីឌ

អេសាយ ៩:៧

ម៉ាថាយ ១:១

កើត​ពី​ស្រី​ក្រមុំ​បរិសុទ្ធ

អេសាយ ៧:១៤

ម៉ាថាយ ១:១៨, ២២, ២៣

កើត​នៅ​ក្រុង​បេថ្លេហិម

មីកា ៥:២

ម៉ាថាយ ២:១, ៥, ៦

បាន​ត្រូវ​ហៅ​ថា​អេម៉ាញូអែល b

អេសាយ ៧:១៤

ម៉ាថាយ ១:២១​-​២៣

កើត​ក្នុង​គ្រួសារ​ក្រី​ក្រ

អេសាយ ៥៣:២

លូកា ២:៧

កូន​ក្មេង​បាន​ត្រូវ​សម្លាប់​ក្រោយ​ពី​លោក​កើត

យេរេមា ៣១:១៥

ម៉ាថាយ ២:១៦​-​១៨

បាន​ត្រូវ​ហៅ​ចេញ​ពី​អេហ្ស៊ីប

ហូសេ ១១:១

ម៉ាថាយ ២:១៣​-​១៥

បាន​ត្រូវ​ហៅ​ថា​អ្នក​ក្រុង​ណាសារ៉ែត c

អេសាយ ១១:១

ម៉ាថាយ ២:២៣

មាន​ទូត​មក​ជា​មុន

ម៉ាឡាគី ៣:១

ម៉ាថាយ ១១:៧​-​១០

បាន​ត្រូវ​តែង​តាំង​ជា​មេស្ស៊ី​នៅ​ឆ្នាំ​២៩ គ.ស. d

ដានីយ៉ែល ៩:២៥

ម៉ាថាយ ៣:១៣​-​១៧

ព្រះ​បញ្ជាក់​ថា​ជា​បុត្រ​របស់​លោក

ចម្រៀង​សរសើរ​ព្រះ ២:៧

សកម្មភាព ១៣:៣៣, ៣៤

មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​វិហារ​របស់​ព្រះ

ចម្រៀង​សរសើរ​ព្រះ ៦៩:៩

យ៉ូហាន ២:១៣​-​១៧

ជា​អ្នក​ប្រកាស​ដំណឹង​ល្អ

អេសាយ ៦១:១

លូកា ៤:១៦​-​២១

កិច្ច​បម្រើ​នៅ​កាលីឡេ​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច

អេសាយ ៩:១, ២

ម៉ាថាយ ៤:១៣​-​១៦

ធ្វើ​ការ​អស្ចារ្យ​ដូច​ម៉ូសេ

ការ​បំភ្លឺ​ច្បាប់ ១៨:១៥

សកម្មភាព ២:២២

ដូច​ម៉ូសេ លោក​និយាយ​តាម​អ្វី​ដែល​ព្រះ​បាន​ប្រាប់

ការ​បំភ្លឺ​ច្បាប់ ១៨:១៨, ១៩

យ៉ូហាន ១២:៤៩

ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ

អេសាយ ៥៣:៤

ម៉ាថាយ ៨:១៦, ១៧

មិន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នឹង​លោក​ទេ

អេសាយ ៤២:២

ម៉ាថាយ ១២:១៧, ១៩

បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​មនុស្ស​ដែល​រង​ទុក្ខ

អេសាយ ៤២:៣

ម៉ាថាយ ១២:៩​-​២០; ម៉ាកុស ៦:៣៤

បង្ហាញ​យុត្តិធម៌​របស់​ព្រះ

អេសាយ ៤២:១,

ម៉ាថាយ ១២:១៧​-​២០

ជា​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ

អេសាយ ៩:៦, ៧

យ៉ូហាន ៦:៦៨

ប្រកាស​អំពី​នាម​ព្រះ​យេហូវ៉ា

ចម្រៀង​សរសើរ​ព្រះ ២២:២២

យ៉ូហាន ១៧:៦

និយាយ​ដោយ​ប្រើ​ឧទាហរណ៍

ចម្រៀង​សរសើរ​ព្រះ ៧៨:២

ម៉ាថាយ ១៣:៣៤, ៣៥

ជា​អ្នក​ដឹក​នាំ

ដានីយ៉ែល ៩:២៥

ម៉ាថាយ ២៣:១០

មនុស្ស​ជា​ច្រើន​មិន​ជឿ​លើ​លោក​ទេ

អេសាយ ៥៣:១

យ៉ូហាន ១២:៣៧, ៣៨

ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល

អេសាយ ៨:១៤, ១៥

ម៉ាថាយ ២១:៤២​-​៤៤

មនុស្ស​មិន​ទទួល​ស្គាល់

ចម្រៀង​សរសើរ​ព្រះ ១១៨:២២, ២៣

សកម្មភាព ៤:១០, ១១

ត្រូវ​គេ​ស្អប់​ដោយ​ឥត​ហេតុ

ចម្រៀង​សរសើរ​ព្រះ ៦៩:៤

យ៉ូហាន ១៥:២៤, ២៥

ជិះ​សត្វ​លា​ចូល​ក្រុង​យេរូសាឡិម​ទាំង​មាន​ជ័យ​ជម្នះ

សាការី ៩:៩

ម៉ាថាយ ២១:៤​-​៩

កូន​ក្មេង​សរសើរ​លោក

ចម្រៀង​សរសើរ​ព្រះ ៨:២

ម៉ាថាយ ២១:១៥, ១៦

មក​ក្នុង​នាម​ព្រះ​យេហូវ៉ា

ចម្រៀង​សរសើរ​ព្រះ ១១៨:២៦

យ៉ូហាន ១២:១២, ១៣

ត្រូវ​មិត្ត​ជិត​ស្និទ្ធ​ក្បត់

ចម្រៀង​សរសើរ​ព្រះ ៤១:៩

យ៉ូហាន ១៣:១៨

ត្រូវ​គេ​ក្បត់​ដោយ​សារ​៣០​កាក់​ប្រាក់ e

សាការី ១១:១២, ១៣

ម៉ាថាយ ២៦:១៤​-​១៦; ២៧:៣​-​១០

ត្រូវ​មិត្ត​ភក្ដិ​បោះ​បង់​ចោល

សាការី ១៣:៧

ម៉ាថាយ ២៦:៣១, ៥៦

ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​សាក្សី​ក្លែង​ក្លាយ

ចម្រៀង​សរសើរ​ព្រះ ៣៥:១១

ម៉ាថាយ ២៦:៥៩​-​៦១

នៅ​ស្ងៀម​ចំពោះ​មុខ​ពួក​អ្នក​ចោទ​ប្រកាន់

អេសាយ ៥៣:៧

ម៉ាថាយ ២៧:១២​-​១៤

ត្រូវ​គេ​ស្ដោះ​ទឹក​មាត់​ដាក់

អេសាយ ៥០:៦

ម៉ាថាយ ២៦:៦៧; ២៧:២៧, ៣០

ត្រូវ​គេ​វាយ​ក្បាល

មីកា ៥:១

ម៉ាកុស ១៥:១៩

ត្រូវ​គេ​វាយ​វាត់

អេសាយ ៥០:៦

យ៉ូហាន ១៩:១

អត់​ធ្មត់​ចំពោះ​ពួក​អ្នក​វាយ​លោក

អេសាយ ៥០:៦

យ៉ូហាន ១៨:២២, ២៣

ពួក​អ្នក​ដឹក​នាំ​រួម​គំនិត​គ្នា​ប្រឆាំង​លោក

ចម្រៀង​សរសើរ​ព្រះ ២:២

លូកា ២៣:១០​-​១២

ត្រូវ​គេ​ដំ​ដែក​គោល​លើ​ដៃ​និង​ជើង​ជាប់​នឹង​បង្គោល

ចម្រៀង​សរសើរ​ព្រះ ២២:១៦

ម៉ាថាយ ២៧:៣៥; យ៉ូហាន ២០:២៥

គេ​ចាប់​ឆ្នោត​ដើម្បី​បាន​សម្លៀក​បំពាក់​លោក

ចម្រៀង​សរសើរ​ព្រះ ២២:១៨

យ៉ូហាន ១៩:២៣, ២៤

ត្រូវ​គេ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

អេសាយ ៥៣:១២

ម៉ាថាយ ២៧:៣៨

ត្រូវ​គេ​ប្រមាថ​មើល​ងាយ

ចម្រៀង​សរសើរ​ព្រះ ២២:៧, ៨

ម៉ាថាយ ២៧:៣៩​-​៤៣

រង​ទុក្ខ​ដើម្បី​ពួក​អ្នក​ដែល​ធ្វើ​ខុស

អេសាយ ៥៣:៥, ៦

ពេត្រុស​ទី​១ ២:២៣​-​២៥

មើល​ទៅ​ព្រះ​បោះ​បង់​ចោល​លោក

ចម្រៀង​សរសើរ​ព្រះ ២២:១

ម៉ាកុស ១៥:៣៤

មាន​គេ​ឲ្យ​ទឹក​ខ្មេះ​និង​ទឹក​ល្វីង

ចម្រៀង​សរសើរ​ព្រះ ៦៩:២១

ម៉ាថាយ ២៧:៣៤

ស្រេក​ទឹក​ខ្លាំង​មុន​ពេល​ស្លាប់

ចម្រៀង​សរសើរ​ព្រះ ២២:១៥

យ៉ូហាន ១៩:២៨, ២៩

ប្រគល់​ជីវិត​ជូន​ព្រះ

ចម្រៀង​សរសើរ​ព្រះ ៣១:៥

លូកា ២៣:៤៦

ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត

អេសាយ ៥៣:១២

ម៉ាកុស ១៥:៣៧

ផ្ដល់​ថ្លៃ​លោះ​ដើម្បី​លោះ​ភាព​ខុស​ឆ្គង

អេសាយ ៥៣:១២

ម៉ាថាយ ២០:២៨

មិន​ត្រូវ​គេ​បំបាក់​ឆ្អឹង

ចម្រៀង​សរសើរ​ព្រះ ៣៤:២០

យ៉ូហាន ១៩:៣១​-​៣៣, ៣៦

ត្រូវ​គេ​ចាក់​ទម្លុះ

សាការី ១២:១០

យ៉ូហាន ១៩:៣៣​-​៣៥, ៣៧

ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ​អ្នក​មាន

អេសាយ ៥៣:៩

ម៉ាថាយ ២៧:៥៧​-​៦០

បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

ចម្រៀង​សរសើរ​ព្រះ ១៦:១០

សកម្មភាព ២:២៩​-​៣១

មាន​អ្នក​ជំនួស​តំណែង​ជន​ក្បត់

ចម្រៀង​សរសើរ​ព្រះ ១០៩:៨

សកម្មភាព ១:១៥​-​២០

អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ព្រះ

ចម្រៀង​សរសើរ​ព្រះ ១១០:១

សកម្មភាព ២:៣៤​-​៣៦

a សព្វវចនាធិប្បាយ​មួយ​រៀប​រាប់​ថា​៖​«​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ទេ ដែល​ថា​កំណត់​ត្រា​អំពី​ពូជ​ពង្ស​ឬ​វង្ស​ត្រកូល​នៃ​ជនជាតិ​យូដា​បាន​បាត់​បង់​នៅ​ពេល​ដែល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល គឺ​មិន​មែន​បាត់​បង់​មុន​ពេល​នោះ​ឡើយ​»​ (​McClintock and Strong’s Cyclopedia​)។

b ភាសា​ហេប្រឺ​អេម៉ាញូអែល​មាន​ន័យ​ថា​«​ព្រះ​នៅ​ជា​មួយ​យើង​»​។ ឈ្មោះ​នេះ​ក៏​ទាក់​ទង​នឹង​តួ​នាទី​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែរ។ វត្តមាន​របស់​លោក​នៅ​ផែនដី​និង​កិច្ចការ​ដែល​លោក​ធ្វើ បង្ហាញ​ថា​ព្រះ​នៅ​ជា​មួយ​នឹង​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។—លូកា ២:២៧​-​៣២; ៧:១២​-​១៦

c ពាក្យ​«​ណាសារ៉ែត​»​ប្រហែល​ជា​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​នេសធើ មាន​ន័យ​ថា​«​ពន្លក​»​។

d ដើម្បី​បាន​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ដែល​នាំ​ទៅ​ដល់​ឆ្នាំ​២៩ គ.ស. ជា​ឆ្នាំ​ដែល​មេស្ស៊ី​លេច​មក សូម​មើល​អត្ថបទ​«​របៀប​បទ​ទំនាយ​ដានីយ៉ែល​ទាយ​ពី​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី​»​។

e ទំនាយ​នេះ​មាន​នៅ​ក្នុង​សៀវ​ភៅ​សាការី។ ប៉ុន្តែ អ្នក​សរសេរ​សៀវ​ភៅ​ម៉ាថាយ​និយាយ​ថា​«​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យេរេមា​»។ (​ម៉ាថាយ ២៧:៩​) តាម​មើល​ទៅ ដោយ​សារ​សៀវភៅ​យេរេមា​ជួន​កាល​បាន​ត្រូវ​រៀប​ជា​សៀវ​ភៅ​ដំបូង​នៅ​ក្នុង​ផ្នែក​ដែល​ហៅ​ថា​«​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។ (​លូកា ២៤:៤៤​) ដូច្នេះ ម៉ាថាយ​ទំនង​ជា​បាន​ប្រើ​ពាក្យ​«​យេរេមា​»​ដើម្បី​សំដៅ​លើ​សៀវ​ភៅ​ទាំង​មូល​នៅ​ក្នុង​ផ្នែក​នោះ ដែល​រួម​បញ្ចូល​សៀវ​ភៅ​សាការី។