ហេតុអ្វីមាននិកាយគ្រិស្តសាសនាច្រើនម្ល៉េះ?
ចម្លើយក្នុងគម្ពីរ
មនុស្សបានយកសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្តដើម្បីបង្កើតនិកាយផ្សេងៗនៃ«គ្រិស្តសាសនា»។ ក៏ប៉ុន្តែ គម្ពីរបញ្ជាក់ថាគ្រិស្តសាសនាពិតមានតែមួយប៉ុណ្ណោះ។ សូមពិចារណាមូលហេតុបីយ៉ាងដែលនាំឲ្យយើងសន្និដ្ឋានដូច្នេះ។
លោកយេស៊ូបានមានប្រសាសន៍ថាលោកបង្រៀន«សេចក្ដីពិត» ហើយគ្រិស្តសាសនិកនៅសម័យដើមបាននិយាយអំពីសាសនារបស់ពួកគាត់ថាជា«សេចក្ដីពិត»។ (យ៉ូហាន ៨:៣២; ពេត្រុសទី២ ២:២; យ៉ូហានទី២ ៤; យ៉ូហានទី៣ ៣) ពាក្យទាំងនេះបង្ហាញថាពួកអ្នកដែលលើកស្ទួយទ្រឹស្តីដែលប្រឆាំងនឹងសេចក្ដីបង្រៀនរបស់លោកយេស៊ូ គឺមិនមែនជាអ្នកកាន់តាមគ្រិស្តសាសនាពិតឡើយ។
គម្ពីរបង្រៀនថាគ្រិស្តសាសនិកត្រូវ«និយាយដូចគ្នាទាំងអស់»។ (កូរិនថូសទី១ ១:១០) ប៉ុន្តែ និកាយគ្រិស្តសាសនាជាច្រើនមិនយល់ស្របអំពីសេចក្ដីបង្រៀនជាមូលដ្ឋាន ដូចជាអត្ថន័យនៃការធ្វើជាគ្រិស្តសាសនិកជាដើម។ និកាយទាំងអស់នោះមិនអាចជាគ្រិស្តសាសនាពិតឡើយ។—ពេត្រុសទី១ ២:២១
លោកយេស៊ូបានប្រកាសទំនាយថាមនុស្សជាច្រើននឹងអះអាងខ្លួនជាគ្រិស្តសាសនិក តែពួកគេមិនធ្វើតាមបញ្ញត្ដិរបស់លោកទេ ហើយលោកនឹងមិនទទួលស្គាល់ពួកគេឡើយ។ (ម៉ាថាយ ៧:២១-២៣; លូកា ៦:៤៦) មនុស្សខ្លះទៀតនឹងត្រូវបំភាន់ដោយអ្នកដឹកនាំសាសនាដែលបង្ខូចការគោរពប្រណិប័តន៍ពិតដើម្បីប្រយោជន៍ខ្លួន។ (ម៉ាថាយ ៧:១៥) ក៏ប៉ុន្តែ អ្នកខ្លះទៀតពេញចិត្តនឹងគ្រិស្តសាសនាក្លែងក្លាយ ដោយសារសាសនានោះប្រាប់នូវសេចក្ដីបង្រៀនដែលពួកគេចង់ស្ដាប់ ជាជាងប្រាប់នូវសេចក្ដីពិតពីគម្ពីរ។—ធីម៉ូថេទី២ ៤:៣, ៤
ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីស្រងែនិងស្រូវសាលី លោកបានប្រកាសប្រាប់អំពីការបះបោរប្រឆាំងយ៉ាងធំ (ការក្បត់ជំនឿ) ដែលកើតមានក្នុងគ្រិស្តសាសនាពិត។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) អស់រយៈពេលជាយូរ គេមិនអាចសម្គាល់ភាពខុសគ្នារវាងគ្រិស្តសាសនិកពិតនិងគ្រិស្តសាសនិកក្លែងក្លាយនោះឡើយ។ ដូចលោកយេស៊ូបានប្រាប់ទុកជាមុន ការក្បត់ជំនឿមានកាន់តែច្រើនឡើងក្រោយពីពួកសាវ័កស្លាប់អស់។ (សកម្មភាព ២០:២៩, ៣០) ទោះជាពួកអ្នកក្បត់ជំនឿប្រហែលជាបង្រៀនខុសៗពីគ្នាក៏ដោយ តែគ្រិស្តសាសនាក្លែងក្លាយទាំងអស់បាន«ងាកចេញពីសេចក្ដីពិត»។—ធីម៉ូថេទី២ ២:១៨
លោកយេស៊ូក៏បានប្រាប់ទុកជាមុនដែរថា នៅទីបំផុតភាពខុសគ្នារវាងគ្រិស្តសាសនិកពិតនិងគ្រិស្តសាសនិកក្លែងក្លាយនឹងត្រូវបង្ហាញឲ្យឃើញច្បាស់។ នេះបានកើតឡើងនៅសម័យយើងក្នុងអំឡុង«ទីបញ្ចប់នៃរបៀបរបបពិភពលោក»។—ម៉ាថាយ ១៣:៣០, ៣៩