លោតទៅអត្ថបទ

ហេតុអ្វីលោកយេស៊ូបានត្រូវហៅថាបុត្ររបស់ព្រះ?

ហេតុអ្វីលោកយេស៊ូបានត្រូវហៅថាបុត្ររបស់ព្រះ?

ចម្លើយ​ពី​គម្ពីរ

 នៅ​ក្នុង​គម្ពីរ​ច្រើន​តែ​ហៅ​លោក​យេស៊ូ​ថា«បុត្រ​របស់​ព្រះ»។ (យ៉ូហាន ១:៤៩) ពាក្យ«បុត្រ​របស់​ព្រះ»បញ្ជាក់​ថា​ព្រះ​ជា​អ្នក​បង្កើត ឬ​ជា​ប្រភព​នៃ​ជីវិត​ទាំង​ឡាយ រួម​ទាំង​ជីវិត​របស់​លោក​យេស៊ូ​ដែរ។ (ទំនុក​តម្កើង ៣៦:៩; ការ​បើក​បង្ហាញ ៤:១១) គម្ពីរ​មិន​បង្រៀន​ថា​ព្រះ​បាន​បង្កើត​កូន​ក្នុង​ន័យ​ត្រង់ ដូច​ដែល​មនុស្សជាតិ​បាន​បង្កើត​កូន​នោះ​ទេ​។

 គម្ពីរ​ក៏​ហៅ​បណ្ដា​ទេវតា​ថា«ពួក​កូន​ព្រះ»ដែរ។ (យ៉ូប ១:៦) ហើយ​គម្ពីរ​ក៏​ចែង​ដែរ​ថា​អាដាម​ដែល​ជា​មនុស្ស​ដំបូង​គឺ«ជា​កូន​ព្រះ»។ (លូកា ៣:៣៨) ប៉ុន្តែ ដោយ​សារ​លោក​យេស៊ូ​ជា​បុគ្គល​ទី១​ដែល​ព្រះ​បាន​បង្កើត និង​ជា​បុគ្គល​តែ​មួយ​គត់​ដែល​លោក​បាន​បង្កើត​ដោយ​ផ្ទាល់ នោះ​គម្ពីរ​រៀប​រាប់​ថា​លោក​យេស៊ូ​ជា​បុត្រ​ច្បង​បង្អស់​របស់​ព្រះ។

 តើ​លោក​យេស៊ូ​បាន​រស់​នៅ​ស្ថាន​សួគ៌​មុន​លោក​កើត​មក​នៅ​ផែន​ដី​ឬ?

 មែន​ហើយ! លោក​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ មុន​លោក​កើត​ជា​មនុស្ស​នៅ​ផែន​ដី។ លោក​យេស៊ូ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌»។—យ៉ូហាន ៦:៣៨; ៨:២៣

 ព្រះ​បាន​បង្កើត​លោក​យេស៊ូ​មុន​បង្កើត​អ្វីៗទាំង​អស់។ ស្ដី​អំពី​លោក​យេស៊ូ គម្ពីរ​ចែង​ថា៖

  •    «លោក . . . ជា​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វីៗទាំង​អស់​ដែល​ព្រះ​បាន​បង្កើត»។—កូឡុស ១:១៥

  •    លោក​ជា«អ្នក​ដំបូង​បង្អស់​ដែល​ព្រះ​បាន​បង្កើត»។—ការ​បើក​បង្ហាញ ៣:១៤

 លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​ទាំង​អស់​អំពី​បុគ្គល​ដែល​មាន«ដើម​កំណើត . . . ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់​កល្ប​រៀង​មក»។—មីកា ៥:១; ម៉ាថាយ ២:៤​-​៦

 តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​មុន​លោក​មក​ផែន​ដី?

 លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​បាន​បញ្ជាក់​ពី​ឋានៈ​នេះ ពេល​ដែល​លោក​អធិដ្ឋាន​ថា៖«បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ . . . ដោយ​មាន​សិរី​រុង​រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ»។—យ៉ូហាន ១៧:៥

 លោក​បាន​ជួយ​បិតា​លោក​បង្កើត​អ្វីៗទាំង​អស់។ លោក​យេស៊ូ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ«ដូច​ជា​មេ​ជាង»។ (សុភាសិត ៨:៣០) ស្ដី​អំពី​លោក​យេស៊ូ គម្ពីរ​ចែង​ថា៖«អ្វីៗឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​បាន​ត្រូវ​បង្កើត​មក​តាម​រយៈ​លោក»។—កូឡុស ១:១៦

 ព្រះ​បាន​បង្កើត​អ្វី​ទាំង​អស់​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ ការ​បង្កើត​ទាំង​នេះ​រួម​មាន ទេវតា​ទាំង​ឡាយ និង​សកល​លោក​ទាំង​មូល។ (ការ​បើក​បង្ហាញ ៥:១១) ព្រះ​និង​លោក​យេស៊ូ​បាន​សហការ​គ្នា ដូច​ជា​ស្ថាបត្យករ​សហការ​ជា​មួយ​នឹង​អ្នក​សាង​សង់ គឺ​ស្ថាបត្យករ​ជា​អ្នក​រចនា​ប្លង់ ហើយ​អ្នក​សាង​សង់​ធ្វើ​តាម​ការ​រចនា​នោះ។

 លោក​បាន​បម្រើ​ជា​បណ្ដាំ។ ពេល​រៀប​រាប់​អំពី​ជីវិត​របស់​លោក​យេស៊ូ​មុន​កើត​ជា​មនុស្ស គម្ពីរ​ហៅ​លោក​យេស៊ូ​ថា«បណ្ដាំ»។ (យ៉ូហាន ១:១) តាម​មើល​ទៅ នេះ​មាន​ន័យ​ថា​ព្រះ​បាន​ប្រើ​បុត្រ​លោក​ឲ្យ​ប្រាប់​ព័ត៌មាន​និង​ការ​ណែនាំ​ដល់​ទេវតា​ឯ​ទៀត។

 តាម​មើល​ទៅ លោក​យេស៊ូ​ក៏​បម្រើ​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​ទៅ​កាន់​មនុស្ស​នៅ​ផែន​ដី​ដែរ។ ព្រះ​ទំនង​ជា​មាន​ប្រសាសន៍​តាម​រយៈ​លោក​យេស៊ូ​ដែល​ជា​បណ្ដាំ ពេល​ដែល​លោក​ផ្ដល់​ការ​ណែនាំ​ដល់​អាដាម​និង​អេវ៉ា​នៅ​សួន​អេដែន។ (លោកុប្បត្តិ ២:១៦, ១៧) លោក​យេស៊ូ​ប្រហែល​ជា​ទេវតា​ដែល​បាន​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ ហើយ​ប្រហែល​ជា​សំឡេង​របស់​លោក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្ដាប់​តាម។—និក្ខមនំ ២៣:២០​-​២៣ a

a បណ្ដាំ​មិន​មែន​ជា​ទេវតា​តែ​មួយ​គត់ ដែល​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​នោះ​ទេ ។ ជា​ឧទាហរណ៍ លោក​បាន​ប្រើ​ទេវតា​ឯ​ទៀត​ក្រៅ​ពី​បុត្រ​ច្បង​របស់​លោក ឲ្យ​ប្រាប់​ច្បាប់​របស់​លោក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។—សកម្មភាព ៧:៥៣; កាឡាទី ៣:១៩; ហេប្រឺ ២:២, ៣