តើគម្ពីរចែងយ៉ាងណាអំពីការស្រឡាញ់ខ្លួនឯង?
ចម្លើយពីគម្ពីរ
គម្ពីរបញ្ជាក់ថាគឺជាការសមត្រឹមត្រូវ ឲ្យយើងស្រឡាញ់ខ្លួនមួយកម្រិត។ សេចក្ដីស្រឡាញ់បែបនោះរួមបញ្ចូលការយកចិត្តទុកដាក់នឹងខ្លួនឯង គោរពខ្លួនឯង និងឲ្យតម្លៃចំពោះខ្លួន។ (ម៉ាថាយ ១០:៣១) ប៉ុន្តែ យើងមិនគួរលើកតម្កើងខ្លួនទេ។ ទោះជាគម្ពីរឲ្យយើងស្រឡាញ់ខ្លួនឯងក៏ពិតមែន តែយើងមិនគួរស្រឡាញ់ខ្លួនឯងហួសហេតុពេកនោះឡើយ។
តើយើងគួរស្រឡាញ់អ្នកណាមុនគេ?
១. យើងគួរស្រឡាញ់ព្រះមុនគេ។ គម្ពីរបង្រៀនថាបញ្ញត្តិដែលសំខាន់បំផុតទី១គឺ«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត»។—ម៉ាកុស ១២:២៨-៣០; ចោទិយកថា ៦:៥
២. បញ្ញត្តិសំខាន់ទី២គឺ«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។—ម៉ាកុស ១២:៣១; លេវីវិន័យ ១៩:១៨
៣. ទោះជាគម្ពីរមិនបង្គាប់ចំៗអំពីការស្រឡាញ់ខ្លួនឯងក្ដី តែគម្ពីរបង្គាប់ឲ្យ«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក» នោះបញ្ជាក់ថាជាការសមហេតុផលឲ្យយើងស្រឡាញ់ខ្លួនឯងមួយកម្រិត ហើយការគោរពខ្លួនឯងគឺសមត្រឹមត្រូវនិងមានប្រយោជន៍។
តើលោកយេស៊ូស្រឡាញ់អ្នកណាជាមុន?
លោកយេស៊ូបានបង្ហាញអំពីរបៀបរក្សាតុល្យភាពចំពោះការស្រឡាញ់ព្រះ ការស្រឡាញ់អ្នកជិតខាង និងការស្រឡាញ់ខ្លួនឯង។ លោកបានបង្រៀនអ្នកកាន់តាមឲ្យធ្វើតាមគំរូរបស់លោក។—យ៉ូហាន ១៣:៣៤, ៣៥
១. លោកយេស៊ូបានស្រឡាញ់ព្រះយេហូវ៉ាមុនគេបង្អស់ ហើយលោកបានប្រគល់ខ្លួនលោកដើម្បីបំពេញកិច្ចការរបស់ព្រះ។ លោកក៏បានមានប្រសាសន៍ថា៖«ដើម្បីឲ្យពិភពលោកនេះដឹងថាខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌ ខ្ញុំកំពុងធ្វើអ្វីដែលបិតានៅស្ថានសួគ៌បានបង្គាប់ខ្ញុំឲ្យធ្វើ»។—យ៉ូហាន ១៤:៣១
២. លោកយេស៊ូបានស្រឡាញ់អ្នកជិតខាងរបស់លោក។ លោកបានបង្ហាញដូច្នេះដោយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត សូម្បីតែត្រូវលះបង់ជីវិតរបស់ខ្លួនក៏ដោយ។—ម៉ាថាយ ២០:២៨
៣. លោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្លួន ដោយឆ្លៀតពេលសម្រាក បរិភោគអាហារ និងសេពគប់ជាមួយនឹងពួកអ្នកកាន់តាម រួមទាំងមនុស្សដែលអាចក្លាយទៅជាអ្នកកាន់តាមលោកផងដែរ។—ម៉ាកុស ៦:៣១, ៣២; លូកា ៥:២៩; យ៉ូហាន ២:១, ២; ១២:២
បើយើងចាត់ទុកអ្នកឯទៀតថាសំខាន់ជាងខ្លួន តើនេះមានន័យថាយើងមិនសូវគោរពខ្លួនឯង ឬមានសុភមង្គលតិចជាងឬទេ?
មិនមែនទេ។ យើងបានត្រូវបង្កើតឲ្យមានភាពដូចព្រះ។ ដូច្នេះ យើងមានសមត្ថភាពបង្ហាញគុណសម្បត្តិសំខាន់បំផុតរបស់លោក គឺសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ (លោកុប្បត្តិ ១:២៧; យ៉ូហានទី១ ៤:៨) នេះមានន័យថាយើងបានត្រូវបង្កើតមកឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។ ពេលខ្លះ យើងត្រូវស្រឡាញ់ខ្លួនឯងមែន តែពេលដែលយើងស្រឡាញ់ព្រះជាមុនសិន និងធ្វើល្អចំពោះអ្នកឯទៀត នោះយើងមានសុភមង្គលបំផុត។ ដូចគម្ពីរបានចែងថា៖«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនអះអាងថាសុភមង្គល គឺបានមកពីការស្រឡាញ់ខ្លួនឯងជាមុន។ ហេតុនេះ ពួកគេចង់ដូរឃ្លាដែលថា«ស្រឡាញ់អ្នកជិតខាង»ទៅជា«ស្រឡាញ់ខ្លួនឯង»វិញ។ ប៉ុន្តែ តាមបទពិសោធន៍ថ្មីៗនេះបានបញ្ជាក់ថា មនុស្សមានសុខភាពល្អជាងនិងមានសុភមង្គលច្រើនជាង ពេលដែលពួកគេធ្វើតាមដំបូន្មានក្នុងគម្ពីរ ដែលថា៖«ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—កូរិនថូសទី១ ១០:២៤