តើអ្នកណានឹងទៅស្ថានសួគ៌?
ចម្លើយពីគម្ពីរ
ព្រះបានជ្រើសរើសចំនួនកំណត់នៃគ្រិស្តសាសនិកស្មោះត្រង់ ហើយគ្រិស្តសាសនិកទាំងនោះ នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ក្រោយពីពួកគេស្លាប់។ (ពេត្រុសទី១ ១:៣, ៤) ទោះជាពួកគេបានត្រូវជ្រើសរើសក៏ដោយ ពួកគេត្រូវបន្តកាន់ខ្ជាប់តាមខ្នាតតម្រាព្រះ និងមានរបៀបរស់នៅស្អាតស្អំ ដើម្បីពួកគេនៅតែមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលមត៌កនៅស្ថានសួគ៌។—អេភេសូរ ៥:៥; ភីលីព ៣:១២-១៤
តើអស់អ្នកដែលទៅស្ថានសួគ៌នឹងធ្វើអ្វី?
ពួកគេនឹងបម្រើជាស្ដេចនិងជាសង្ឃជាមួយនឹងលោកយេស៊ូអស់មួយពាន់ឆ្នាំ។ (ការបើកបង្ហាញ ៥:៩, ១០; ២០:៦) ពួកគេនឹងរៀបចំ«ផ្ទៃមេឃថ្មី» ឬរដ្ឋាភិបាលស្ថានសួគ៌ដែលនឹងគ្រប់គ្រងលើ«ផែនដីថ្មី»ឬសង្គមមនុស្សថ្មី។ អ្នកគ្រប់គ្រងនៅស្ថានសួគ៌ទាំងនោះនឹងធ្វើឲ្យមានសេចក្ដីសុចរិតយុត្តិធម៌ដូចគោលបំណងដើមរបស់ព្រះ។—អេសាយ ៦៥:១៧; ពេត្រុសទី២ ៣:១៣
តើមានមនុស្សប៉ុន្មាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌?
គម្ពីរបញ្ជាក់ថានឹងមានមនុស្ស១៤៤.០០០នាក់នឹងត្រូវប្រោសឲ្យរស់ឡើងនៅស្ថានសួគ៌។ (ការបើកបង្ហាញ ៧:៤) នៅក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតដែលបានកត់ទុកនៅការបើកបង្ហាញ ១៤:១-៣ សាវ័កយ៉ូហានបាន «ឃើញកូនចៀមកំពុងឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមួយសែនបួនម៉ឺនបួនពាន់នាក់ឈរជាមួយនឹងលោកដែរ»។ នៅក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ«កូនចៀម»តំណាងលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ១:២៩; ពេត្រុសទី១ ១:១៩) «ភ្នំស៊ីយ៉ូន» តំណាងឋានៈដ៏ថ្កុំថ្កើងរបស់លោកយេស៊ូ និងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយនឹងលោកនៅស្ថានសួគ៌។—ទំនុកតម្កើង ២:៦; ហេប្រឺ ១២:២២
ពួកអ្នក «ដែលបានត្រូវហៅនិងជ្រើសរើស» ឲ្យគ្រប់គ្រងជាមួយនឹងគ្រិស្តក្នុងរាជាណាចក្រសំដៅទៅលើ «ហ្វូងតូច»។ (ការបើកបង្ហាញ ១៧:១៤; លូកា ១២:៣២) នេះបង្ហាញថាពួកគេមានចំនួនតិចជាងបើប្រៀបធៀបនឹងហ្វូងចៀមទាំងអស់របស់លោកយេស៊ូ។—យ៉ូហាន ១០:១៦
ការយល់ច្រឡំអំពីអស់អ្នកដែលទៅស្ថានសួគ៌
ការយល់ច្រឡំ: មនុស្សល្អទាំងអស់នឹងទៅស្ថានសួគ៌។
ការពិត: ព្រះសន្យាថា មនុស្សល្អភាគច្រើននឹងមានជីវិតជារៀងរហូតនៅផែនដី។—ទំនុកតម្កើង ៣៧:១១, ២៩, ៣៤
លោកយេស៊ូបានមានប្រសាសន៍ថា៖«គ្មានមនុស្សណាម្នាក់ធ្លាប់ឡើងទៅស្ថានសួគ៌ឡើយ»។ (យ៉ូហាន ៣:១៣) លោកបានបញ្ជាក់ថាមនុស្សល្អដែលបានស្លាប់មុនលោកដូចជា អាប្រាហាំ ម៉ូសេ យ៉ូបនិងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ។ (សកម្មភាព ២:២៩, ៣៤) ប៉ុន្តែពួកគេមានសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញនៅផែនដី។—យ៉ូប ១៤:១៣-១៥
ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌បានត្រូវហៅថា «ការប្រោសឲ្យរស់ឡើងវិញមុនដំបូង»។ (ការបើកបង្ហាញ ២០:៦) នេះបង្ហាញថានឹងមានការប្រោសឲ្យរស់ឡើងវិញផ្សេងទៀតដែលនឹងត្រូវធ្វើឡើងនៅផែនដី។
គម្ពីរបង្រៀនថា ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ«សេចក្ដីស្លាប់នឹងលែងមានទៀត»។ (ការបើកបង្ហាញ ២១:៣, ៤) សេចក្ដីសន្យានេះច្បាស់ជាសំដៅទៅលើផែនដី ដោយសារនៅស្ថានសួគ៌គ្មានសេចក្ដីស្លាប់នោះទេ។
ការយល់ច្រឡំ: មនុស្សម្នាក់ៗអាចជ្រើសរើសថាគាត់ចង់មានជីវិតនៅស្ថានសួគ៌ឬនៅផែនដីបាន។
ការពិត: ព្រះគឺជាអ្នកសម្រេចថា គ្រិស្តសាសនិកស្មោះត្រង់ណានឹងត្រូវ «ទទួលរង្វាន់ឡើងទៅស្ថានសួគ៌» នេះគឺជាសេចក្ដីសង្ឃឹមអំពីជីវិតនៅស្ថានសួគ៌។ (ភីលីព ៣:១៤) នេះមិនអាស្រ័យទៅលើបំណងចិត្តរបស់បុគ្គលដែលបានត្រូវជ្រើសរើសនោះទេ។—ម៉ាថាយ ២០:២០-២៣
ការយល់ច្រឡំ: អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីគឺអន់ជាងអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ ហើយអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីមិនសមរស់នៅស្ថានសួគ៌ឡើយ។
ការពិត: ព្រះហៅអស់អ្នកដែលទទួលជីវិតជារៀងរហូតនៅផែនដីថា «រាស្ត្រអញ» «ពួករើសតាំងរបស់អញ» និង«ពួកដ៏មានពររបស់ព្រះយេហូវ៉ា»។ (អេសាយ ៦៥:២១-២៣) ពួកគេនឹងមានឯកសិទ្ធិក្នុងការសម្រេចគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិពោលគឺ ជីវិតរស់ជារៀងរហូតនៅលើផែនដីជាសួនឧទ្យាន។—លោកុប្បត្តិ ១:២៨; ទំនុកតម្កើង ១១៥:១៦; អេសាយ ៤៥:១៨
ការយល់ច្រឡំ: ចំនួន១៤៤.០០០នាក់ដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញគឺគ្រាន់តែជាលេខតំណាងប៉ុណ្ណោះ មិនមែនន័យត្រង់ទេ។
ការពិត: ទោះជានៅសៀវភៅការបើកបង្ហាញមានចំនួនតំណាងផ្សេងៗក៏ដោយ ប៉ុន្តែចំនួនខ្លះបានត្រូវប្រើក្នុងន័យត្រង់។ ជាឧទាហរណ៍ នៅក្នុងខមួយនៅសៀវភៅការបើកបង្ហាញបានរៀបរាប់អំពី «ថ្មគ្រឹះដប់ពីរ ហើយលើថ្មទាំងនោះមានឈ្មោះរបស់សាវ័កទាំងដប់ពីររបស់កូនចៀម»។ (ការបើកបង្ហាញ ២១:១៤) សូមពិចារណាអំពីភ័ស្តុតាងដែលយើងគួររួមបញ្ចូលចំនួន ១៤៤.០០០ជាន័យត្រង់។
ដូចការបើកបង្ហាញ ៧:៤ បានរៀបរាប់ថា៖«ចំនួនពួកអ្នកដែលបានត្រូវបោះត្រា[ឬន័យត្រង់ចំនួនអ្នកដែលអាចទទួលជីវិតឡើងទៅស្ថានសួគ៌មាន] ១៤៤.០០០នាក់»។ នៅខក្រោយមក ក្រុមទី២មានចំនួនផ្ទុយគ្នាគឺ: «មនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ»។ ពួកគេដែលជា«ក្រុមធំ»ក៏ទទួលសេចក្ដីសង្គ្រោះពីព្រះដែរ។ (ការបើកបង្ហាញ ៧:៩, ១០) បើលេខ១៤៤.០០០មិនមែនជាន័យត្រង់ តែជាន័យធៀបដែលតំណាងអ្វីផ្សេងវិញ នោះការប្រៀបធៀបជាមួយនឹងមនុស្សមួយក្រុមធំដែលគ្មានចំនួនកំណត់មិនមានន័យទេ ព្រោះតាមពិត១៤៤.០០០នាក់ក៏គ្មានចំនួនកំណត់ដែរ។ a
បន្ថែមទៅទៀត ចំនួន១៤៤.០០០នាក់បានត្រូវរៀបរាប់ថាជាអ្នកដែល «បានត្រូវទិញពីចំណោមមនុស្សជាតិ ទុកជាផលដំបូង»។ (ការបើកបង្ហាញ ១៤:៤) ពាក្យ«ផលដំបូង»សំដៅទៅលើក្រុមតូចដែលបានត្រូវជ្រើសរើស។ ពាក្យនេះគឺសាកសមបំផុតសម្រាប់អស់អ្នកដែលនឹងគ្រប់គ្រងជាមួយលោកយេស៊ូពីស្ថានសួគ៌មកលើមនុស្សនៅលើផែនដី។—ការបើកបង្ហាញ ៥:១០
a ស្រដៀងគ្នាដែរ សាស្ត្រាចារ្យរ៉ូបឺត អិល ថូម៉ាស់បានសរសេរទាក់ទងនឹងចំនួន១៤៤.០០០ បានរៀបរាប់នៅការបើកបង្ហាញ ៧:៤ថា៖«ចំនួននេះគឺជាចំនួនពិតប្រាកដផ្ទុយពីចំនួនមិនពិតប្រាកដដែលបានរៀបរាប់នៅការបើកបង្ហាញ ៧:៩។ ដូច្នេះបើសិនជាចំនួននេះគ្រាន់តែជាចំនួនតំណាង នោះក្នុងសៀវភៅគ្មានចំនួនណាមួយជាន័យត្រង់នោះទេ»។—ការបើកបង្ហាញ ១-៧ (An Exegetical Commentary, page 474)